Australian Embassy
Cambodia

Letter to Australian Citizen or Permanent Resident

ពលរដ្ឋអូស្រ្តាលី និងអ្នក​​​មាន​សិទ្ធិ​ស្នា​ក់​នៅ​អូស្ត្រាលី​អចិន្ត្រៃយ៍ ជាទីរាប់អាន!

ស្ថានទូតអូស្រ្តាលី បាន​ឈាន​ដល់​ដំណាក់កាលចុងក្រោយនៃការចរចារជើងហោះហើរពិសេសមួយ​ទៅកាន់អូស្រ្តាលី នៅល្ងាចថ្ងៃអាទិត្យទី ១២ ខែមេសាឆ្នាំ ២០២០នេះ។ ជើង​ហោះហើរមួយ​នេះនឹងត្រូវ​ឈប់​ដូរ​យន្ត​ហោះក្នុង​រយៈ​ពេល​ខ្លីមួយ​ (short transit) នៅក្នុងប្រទេសជិត ​មុនពេល បន្តដំណើរទៅកាន់ទីក្រុង​ស៊ីដនី ដោយរំពឹង​ថា​នឹង​ទៅ​ដល់នៅព្រឹកថ្ងៃច័ន្ទទី ១៣ ខែមេសាឆ្នាំ ២០២០​។

ក្នុងអំឡុងពេល Transit នៅប្រទេស​ជិន​ខាង អ្នកដំណើរទាំងឡាយ​ តម្រូវឱ្យនៅលើយន្តហោះ ប្រមាណជា​ ២ ម៉ោងតាម​ការកំណត់​របស់ប្រទេសនោះ​។

ខណៈ​ដែល​​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហោះហើរ កំពុង​ឋិត​ក្នុង​ដំណាក់​ការ​ពិភាក្សា យើងនៅ​មិនទាន់​អាចបង្ហាញពីអត្តសញ្ញាណ ក្រុមហ៊ុនអាកាសចរណ៍ឬព័ត៌មានលម្អិតអំពីការចេញដំណើរ/ការទៅដល់ជាក់លាក់បានឡើយ​។ ប៉ុន្តែក្រុម​ការងារ​យើង ចង់ជូន​ដំណឹងនេះ ឱ្យ​​បាន គ្រប់គ្រាន់ ​ដល់​លោក​អ្នក​ទុក​ជាមុន ដើម្បីត្រៀមខ្លួនសម្រាប់ឱកាស​មួយ​នេះ ហើយក៏ជា​ឱកាស​សម្រាប់យើងប្រមូល​តួលេខ ដើម្បី​ទាក់​ទង​នឹង​ក្រុមហ៊ុនអាកាសចរណ៍​មុន​ពេល​ចេញ​ដំណើរ​​។ តម្លៃសំបុត្រ​មាន​​ចាប់​ពី​ប្រហែល ៦៨២ ដុល្លារសម្រាប់កៅអីថ្នាក់​សេដ្ឋកិច្ច (ធម្មតា) ១៦២២ ដុល្លារសម្រាប់ថ្នាក់ជំនួញ រហូត​ដល់​ ៣៨៦៨ ដុល្លារកៅអី​​ពិសេស​។ តម្លៃទាំងនេះរាប់បញ្ចូលពន្ធទាំងអស់ដែលអាច​​ប្រែប្រួលបន្តិចបន្តួចដោយ​សារ​អត្រាប្តូរប្រាក់។

ដោយអនុលោម​តាមលក្ខខ័ណ្ឌ​កំណត់​របស់រដ្ឋាភិបាល​អូស្រ្តាលី អ្នកដំណើរទាំងអស់ ពេល​ទៅ​ដល់​អូស្ត្រាលី ត្រូវបានតម្រូវឱ្យនៅ​​ដាច់ដោយឡែកនៅក្នុង សណ្ឋាគារដែលបានកំណត់នៅទីក្រុង​ស៊ីដនី ក្នុង​រយៈពេល ១៤ ថ្ងៃ។

ប្រសិនបើអ្នកចង់ទិញសំបុត្រយន្ត​ហោះ សម្រាប់​ជើង​ហោះ​ហើរ​ដូច​បាន​ជម្រាប​ខាងលើ សូមផ្ញើអ៊ីមែលមក​([email protected]) ឱ្យបាន​កាន់​តែ​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន នៅត្រឹមល្ងាច​​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មេសា​នេះ (ចំណងជើងអ៊ីមែល៖ ស្នើសុំទិញសំបុត្រ) ដោ​យ​បន្ថែម​ព័ត៌មានទាំង​ឡាយ​ខាងក្រោម៖

·     ឈ្មោះពេញ របស់អ្នក​ធ្វើ​ដំណើរ (ឈ្មោះ​ដូចមាននៅក្នុងលិខិតឆ្លងដែន)

·     ថ្ងៃ ខែ ឆ្នាំកំណើត របស់អ្នក​ធ្វើដំណើរ

·     លេខលិខិតឆ្លងដែន របស់អ្នក​ធ្វើដំណើរ

·     លេខទូរស័ព្ទទំនាក់ទំនង

·     សញ្ជាតិ (ប្រសិនបើមិនមែនជាពលរដ្ឋ​អូស្ត្រាលី) 

នៅពេលដែល​ជើង​ហោះហើរត្រូវបានបញ្ជាក់ មន្ត្រី​ផ្នែក​លក់សំបុត្រយន្តហោះ នឹងទាក់ទងទៅ​អ្នកដើម្បី​ទូទាត់ដោយកាតឥណទាន (Credit Card )។ ដើម្បីរក្សា​ចំនួនកៅអី​អ្នក​ជិះ​ឱ្យបានច្រើន​និងកាត់បន្ថយហានិភ័យ “អវត្តមាន​” អ្នក​ធ្វើ​ដំណើរ​ រាល់​ការទូទាត់​ថ្លៃ​ចំណាយ​នេះ នឹងមិនអាចសងវិញ បានឡើយ​ (លើកលែងតែ​ករណីដែលជើងហោះហើរត្រូវបានលុបចោល)។

សូម​ចង់​ចាំ​ថា៖ សំបុត្រយន្តហោះ​ទៅ​អូស្ត្រាលី​លើក​នេះ គឺ​សម្រាប់​តែ​ពលរដ្ឋអូស្ត្រាលី អ្នក​​​មាន​សិទ្ធិ​ស្នា​ក់​នៅ​អូស្ត្រាលី​អចិន្ត្រៃយ៍ ឬសមាជិកគ្រួសារផ្ទាល់​របស់​អ្នក​ទាំង​នេះ​។ ប្រសិនបើអ្នកមានបំណងធ្វើដំណើរជាមួយសមាជិកគ្រួសារដែលមិនមែនជា​ពលរដ្ឋ​អូស្ត្រាលី សូមមើលព័ត៌មានសំខាន់ៗ ដែលសរសេរ​អក្សរទ្រេត ខាងក្រោម​ នៅ​ចុងបញ្ចប់នៃសារ​មួយ​នេះ​។

ពលរដ្ឋ​ដែល​​កក់សំបុត្រ​យន្តហោះ​ទុកមុន ឬមានបំណងចង់កក់​សំបុត្រ​យន្ត​ហោះ ហើយ​​កំពុង​ស្នាក់​នៅ​​ក្រៅ​​​ក្រុង​ភ្នំពេញ​

គួរតែប្តូរទីលំនៅមកភ្នំពេញជាបន្ទាន់​។ ស្ថានទូតមិនអាចធានា​ឱ្យមាន​ការ​​ចូលទៅកាន់ព្រលានយន្តហោះ បានឡើយ​សម្រាប់ពលរដ្ឋ​ណា​ដែលនៅខាងក្រៅរាជធានីភ្នំពេញ ពិសេស​​ក្នុងករណីដែលរាជ​រដ្ឋាភិបាលកម្ពុជាប្រកាសភាពអាសន្ន មុនថ្ងៃអាទិត្យដែល​បាន​កំណត់ ដែលការ​ប្រកាស​នេះ អាចពាក់ព័ន្ធនឹងការរឹតត្បិតចលនាទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកដំណើរទាំងអស់នៅលើយន្ដហោះនេះនឹងត្រូវទទួលការពិនិត្យសុខភាពរួមទាំងការវាស់​សីតុណ្ហភាព​ផងដែរ​មុនពេលឡើងយន្ត​ហោះ​។ ការត្រួតពិនិត្យសុខភាពនេះ គឺ​ជាលក្ខខណ្ឌកំណត់​ទុក​មុន សម្រាប់​ការធ្វើដំណើរ​​។

យើងលើក​ទឹក​ចិត្ត​ឱ្យ​​យកឱកាសនេះ​ចាកចេញពី​កម្ពុជាប្រសិនបើនោះជាបំណងប្រាថ្នារបស់អ្នក។ នៅលើយន្ដហោះនេះមានកៅអីចំនួន ២១០ ហើយយើងចង់​ធានាឱ្យច្បាស់​ថារាល់​កៅអីទាំងអស់ មាន​អ្នក​អង្គុយ​ពេញ​ ដោយ​មិនមានកន្លែងទំនេរឡើយ។ កន្លែងអង្គុយនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកដែលកក់​ទុក​​មុន តែ​ក៏​មាន​លទ្ធភាព​​ពិសេស​សម្រាប់​អ្នក​ដំណើរ​ណា​ដែល​មាន​បញ្ហា​សុខភាព​ផង​ដែរ។ អូស្រ្តាលី​ មិនមានផែនការ​រៀបចំជើងហោះហើរពិសេស​ឥតគិតថ្លៃទេ (Charter Flight) អ្នកក៏ប្រហែលជាធ្លាប់បាន​ដឹងឮ​អំពីជើងហោះហើរផ្សេងទៀតដែលអាចនឹងត្រូវធ្វើ​ដោយបុគ្គលឯកជនឬក្រុមហ៊ុនណាមួយ​។ ជម្រើស​ដែលយើងកំពុងគូសបញ្ជាក់​ខាង​លើ​នេះ គឺជា​ការវិវត្តន៍​ថ្មី​​បំផុត និងអាចទទួលបានពីជម្រើស​ផ្សេងទៀត ហើយមានការគាំទ្រពីរដ្ឋាភិបាល​ពាក់ព័ន្ធរួចហើយទាក់ទងនឹងការអនុម័តជើងហោះហើរ។ ប្រសិនបើអ្នកមិនអាចឆ្លៀតយកឱកាសនេះអ្នកគួរតែងាកទៅរកជម្រើសហោះហើរ​បែប​ពាណិជ្ជកម្មដែល​អាច​រក​បាន​ផ្សេង​ទៀត​ (នេះរួមបញ្ចូលទាំងជើង​ហោះហើរ ANA តាមរយៈប្រទេសជប៉ុនរហូតដល់ថ្ងៃទី ១១ ខែមេសា) ។

ប្រសិនបើអ្នកមានបញ្ហាជាមួយលិខិតឆ្លងដែន ឬប្រសិនបើអ្នកមានសំណួរផ្សេង​ទៀត សូមទាក់ទងផ្នែកកុងស៊ុលភ្លាម​តាម​ដែល​អាច​ធ្វើ​បាន​។

ដូចគ្នានឹងអ្វីៗទៀត​ដែរ នៅ​មានឱកាសតិច​តួច​ខ្លះ​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការហោះហើរនេះ ប៉ុន្តែយើងនឹងផ្តល់ព័ត៌មានលម្អិតដែលបានបញ្ជាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ដោយក្តីគោរពរាប់អានពីក្រុមការងារផ្នែកកុងស៊ុល

ស្ថានទូតអូស្ត្រាលី

ផ្លូវលេខ ១៦ បេរដ្ឋសភាជាតិ

ភ្នំពេញប្រទេសកម្ពុជា

[email protected] 

+៨៥៥ (០) ២៣ ២១៣ ៤៧០ | 

www.cambodia.embassy.gov.au

 

ព័ត៌មានសម្រាប់អ្នកដែលធ្វើដំណើរទៅអូស្ត្រាលីជាមួយសមាជិកគ្រួសារផ្ទាល់ដែលមិនមែនជាពលរដ្ឋអូស្រ្តាលី ឬមិនមែនជាអ្នករស់នៅ អូស្ត្រាលីអចិន្រ្តៃយ៍។

មានករណីលើកលែងមួយចំនួនសម្រាប់សមាជិកគ្រួសារផ្ទាល់របស់ពលរដ្ឋអូស្រ្តាលី ឬអ្នករស់នៅអូស្ត្រាលីអចិន្រ្តៃយ៍ដែលមានបំណង ធ្វើដំណើរ ទៅប្រទេសអូស្ត្រាលីនៅពេលនេះ។ ទោះយ៉ាងនេះក្តី សមាជិកទាំងនោះ នឹងមិនអាចធ្វើដំណើរទៅអូស្ត្រាលីបានទេ បើពួកគេពុំមានទិដ្ឋាការ (Visa) អូស្ត្រាលី និងពុំបានទទួលការលើកលែងនេះ

សមាជិកគ្រួសារផ្ទាល់ ត្រូវបានគេកំណត់ថាជាប្តី-ប្រពន្ធ ជាដៃគូ (defacto) ជាកូន-ជាអ្នកនៅក្នុងបន្ទុក ឬជាអាណាព្យាបាលស្របច្បាប់។

ប្រសិនបើសមាជិកគ្រួសារផ្ទាល់ណាម្នាក់ មិនទាន់មានទិដ្ឋាការទេនោះ សូមដាក់ពាក្យសុំទិដ្ឋាការតាមអ៊ិនធឺរណេត ដោយប្រើប្រព័ន្ធអនឡាញ ImmiAccount ហើយសូមផ្តល់ភស្តុតាង (ឯកសារពាក់ព័ន្ធ) អំពីទំនាក់ទំនងសម័្ពន្ធភាពជាមួយសមាជិករូបនោះ (ដូចជាសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ភស្តុតាងបង្ហាញពីហិរញ្ញវត្ថុរួម និងទ្រព្យសម្បត្តិរួមជាដើម)

ប្រសិនបើសមាជិកគ្រួសារផ្ទាល់រូបណា ដែលមានទិដ្ឋាការទៅអូស្ត្រាលី ឬបានទទួលទិដ្ឋាការបណ្តោះអាសន្នរួចហើយ សមាជិករូបនោះ នឹង ត្រូវការស្នើសុំការលើកលែងដោយប្រើ ទម្រង់បែបបទមួយនេះ https://immi.homeaffairs.gov.au/help-support/deteral-forms/online-forms/covid19-enquiry-form ការស្នើសុំលើកលែងនេះ មិនអាចសម្រេចបានដោយស្ថានទូតអូស្ត្រាលី នៅភ្នំពេញបានឡើយ ដូចនេះ យើងចាំបាច់ត្រូវ ការ ពេលវេលា បន្ថែម។

សម្គាល់ សមាជិកគ្រួសារផ្ទាល់ មិនអាចធ្វើដំណើរទៅអូស្ត្រាលីបានទេដរាបណាសមាជិករូបនោះ កាន់ទិដ្ឋាការអូស្រ្តាលីហើយបានទទួលដំបូន្មាន (ការលើកលែង) ឲ្យធ្វើដំណើរទៅអូស្ត្រាលី។

ប្រសិនបើអ្នកជាពលរដ្ឋអូស្រ្តាលី ឬជាអ្នកមានសិទ្ធិស្នាក់អូស្រ្តាលីអចិន្ត្រៃយ៍ ដែលកំពុងស្វែងរកមធ្យោបាយវិលត្រឡប់ទៅ  អូស្ត្រាលី ជាបន្ទាន់ ជាមួយសមាជិកគ្រួសារផ្ទាល់ អ្នកគួរតែដាក់ពាក្យសុំទិដ្ឋាការនិងស្វែងរកការលើកលែងពីការរឹតត្បិតការធ្វើដំណើរ ដល់សមាជិកគ្រួសារអ្នកឥឡូវនេះ។

ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមក [email protected]